(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់អាជ្ញាបណ្ណរុករកប្រេងដល់ក្រុមហ៊ុនចិន ដើម្បីរុករកប្រេងនៅប្លុក D ដែនសមុទ្រកម្ពុជា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ការផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន Cambodian Resources Energy Development Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគដោយចិន ធ្វើឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយក្រុមហ៊ុននេះមានទីប្រឹក្សាជាក្រុមហ៊ុនរបស់កាណាដា។
លោកបន្ដទៀតថា នៅដំណាក់កាលនេះ ក្រុមហ៊ុនកំពុងប្រតិបត្តិការសិក្សាស្រាវជ្រាវ អំពីបរិមាណប្រេងកាត នៅក្នុងប្លុក D ថាតើមានសក្ដានុពល ក្នុងការធ្វើផលិតកម្មដែរ ឬយ៉ាងណា។ បន្ទាប់ពីក្រុមហ៊ុនសិក្សារកឃើញ ពីបរិមាណប្រេងកាតហើយនោះ ក្រុមហ៊ុននឹងដាក់ពាក្យស្នើសុំធ្វើផលិតកម្មប្រេង។
បើតាមលោកអគ្គនាយក កិច្ចព្រមព្រៀងរុករកប្រេងកាតនៅប្លុក D មានរយៈពេល៣០ឆ្នាំ ដែលចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺជាដំណាក់កាលសិក្សាស្រាវជ្រាវ ដែលតាមធម្មតាមានរយៈពេល៧ឆ្នាំ ហើយប្រសិនបើក្រុមហ៊ុនរកឃើញមុន អាចធ្វើការស្នើសុំធ្វើផលិតកម្មបាន ប៉ុន្ដែបើក្រុមហ៊ុនមិនទាន់មានលទ្ធភាពរកឃើញ គឺអាចសុំបន្ដ៣ឆ្នាំបន្ថែមទៀត។ ចំពោះដំណាក់កាលទី២ គឺជាដំណាក់កាលធ្វើផលិតកម្ម បន្ទាប់ពីស្រាវជ្រាវ ក្នុងដំណាក់កាលទី១រួចមក។
ជាមួយគ្នានេះលោក ជៀប សួរ ក៏បានបញ្ជាក់ផងដែរថា តំបន់ប្រេងកាតប្លុក D គឺនៅជិតនឹងតំបន់ប្រេងប្លុក A ដែរ ដែលមានផ្ទៃក្រឡាជាង៥ពាន់គីឡូម៉ែត្រក្រឡា ស្ថិតក្នុងដែនសមុទ្ររបស់កម្ពុជា។
លោកថា កន្លងមកមានក្រុមហ៊ុនផ្សេងៗទៀត ធ្លាប់ទទួលបានសិទ្ធិស្រាវជ្រាវ លើការរុករកប្រេងក្នុងប្លុកនេះដែរ ប៉ុន្ដែដោយសារតែបញ្ហាតម្លៃប្រេងធ្លាក់ចុះ និងគ្មានលទ្ធភាពក្នុងការចំណាយនោះ ទើបក្រុមហ៊ុននោះបោះបង់ឱកាស។
រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅក្នុងប្រទេសសង្ហឹបុរី ធ្វើការបូមប្រេងនៅក្នុងប្លុក A ដែនសមុទ្ររបស់កម្ពុជា ដែលរំពឹងថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងអាចបូមបាននៅពាក់កណ្ដាលឆ្នាំ២០២០នេះ។ លោក ជ្រៀប សួរ បានបញ្ជាក់ថា ដំណើរការនៃការឈានដល់ការធ្វើផលិតកម្មប្រេង របស់ក្រុមហ៊ុន KrisEnergy កំពុងដំណើរការទៅតាមផែនការ៕
发表回复