(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ដែលផ្ដួចផ្ដើមគំនិតដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅជាងមុន គ្រោងបញ្ចប់ការចរចា និងចុះហត្ថលេខា នៅដំណាច់ឆ្នាំ ២០២០នេះ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច អំពីកិច្ចប្រជុំចង្អៀតគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផល នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងគោលការណ៍ សម្រាប់ការចរចាបន្ត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
កិច្ចប្រជុំចង្អៀតអន្តរក្រសួងនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)។
ដោយក្នុងនោះ មានការអញ្ជើញចូលរួម ពីលោក លោកស្រី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កន្លងទៅថ្មីៗនេះ ក៏ដូចជាផ្តល់គោលការណ៍ណែនាំ សម្រាប់ការចរចានៅជុំបន្តបន្ទាប់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ រវាង ប្រទេសទាំងពីរ ។
ការឈានដល់ដំណាក់កាល នៃចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្ននេះ បានឈានដល់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងការយកចិត្តទុកខ្ពស់ របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងបង្កើតឱកាសការងារ។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឲ្យកម្ពុជានូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិតផលរបស់ខ្លួន ទៅទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។
发表回复